Ouk Chaktrang – Cambodian Chess (អុកចត្រង្គ)

សំរាប់ Windows បើមិនអាចដំណើរ ការបានទេ ចាំបាច់ទាញយក និង តំឡើង file ខាងក្រោម
vc_redist.x86.exe

អុកចត្រង្គគឺជាប្រភេទ​ល្បែងក្តារដំបូង​បំផុតរបស់​កម្ពុជា ​ដែល​ត្រូវ​បាន​គេ​ស្គាល់​និង​លេងតាំងពីបុរាណកាលមក។ ពាក្យ “អុក​” ​គឺ​ត្រូវ​បាន​និយាយឡើងដោយសំលេង​ខ្លាំង​ពី​អ្នក​លេង​ ដែល​បានដើរកូនអុកដោយដាក់ជើងដើរចំក្រឡារបស់ស្តេចនៃគូរប្រកួត។ ពាក្យ “ចត្រង្គ” គឺបានមកពីពាក្យសំស្ក្រឹត របស​ឥណ្ឌា​, Chaturanga (चतुरङ्ग​) ។
អុកចត្រង្គមានលក្ខណះស្រដៀង​​​អុកអ​ន្ដ​រ​ជាតិ​, ដែលតម្រូវ​ឱ្យ​មនុស្ស​ពីរ​នាក់​លេងតទល់​នឹង​គ្នា។ នៅប្រទេសកម្ពុជាការលេងអុកភាគច្រើន នៅហាងកាហ្វេរ និង កន្លែងកាត់សក់។ ពេលខ្លះគេឃើញមានមនុស្សលេងជាក្រុម ដែលអ្នកនៅក្នុងក្រុមជួយផ្តល់គំនិតអោយអ្នកលេង ដែលធ្វើអោយការប្រកួតកាន់តែស្វិតស្វាញ និងពេលខ្លះអ្នកលេងលយពាក្យសំដីឌឺដងអោយគូរប្រកួត ដែលធ្វើអោយរិតរំភើប និង រីករាយ។

កូនចត្រង្គនោះ មានកូនចំនួន ៣២ សម្រាប់លេងដើរលើក្តារបួនជ្រុង ដែលមាន ៦៤ (ក្តារអុក) ។ បណ្តាកូនទាំង៣២នោះ មានកូន ២ហៅ ថាខុន ទុកជាស្តេចសោយរាជ្យ មានកូន ២ ហៅថា នាងទុកជាអគ្គមហេសី មានកូន ៤ ហៅថាគោលឬម៉ិត ទុកជាសេនាបតី ឬ មេទ័ព មានកូន ៤ហៅថាសេះ មានកូន៤ ហៅថាទូក មានកូន ១៦ហៅថាត្រី កូនទាំងអស់នោះទុកជាសេនារេហ៍ពល។
កូន ចត្រង្គទាំង ៣២ នោះគេធ្វើជាភ្លុក ស្នែង ឬ ឈើផ្សេងៗ មានឈើនាងនួន និង ដើមដៃខ្លាជាដើម តាមដែលគេមានធនធាន និងមានពេលអាចធ្វើបាន ។ ដើម្បីកុំឱ្យអ្នកលេងច្រឡំចូលគ្នា កូនចត្រង្គ ទាំង ៣២ នោះ គេធ្វើឱ្យមានពណ៌ ២ ពួក គេធ្វើឱ្យមានពណ៌ជា ២ពួក ក្នុងមួយពួកៗ មានកូនចំនួន ១៦ កូន គឺថាបើមួយពួកគេធ្វើដោយភ្លុក មួយពួកទៀតគេធ្វើដោយស្នែង បើមួយពួកគេធ្វើដោយឈើនាងនួន មួយពួកទៀតគេធ្វើដោយឈើក្រញូងជាដើម ។ ការធ្វើកូនចត្រង្គទាំងនោះ បើចង់ឱ្យបានល្អស្អាត ហើយមានរាងដូចៗគ្នា គេត្រូវធ្វើដោយគ្រឿងក្រឡឹង វៀរលែងតែសេះ ៤ ព្រោះសេះ គេក្រឡឹងពុំកើតទេគេត្រូវឆ្លាក់ដោយគ្រឿងចម្លាក់ ។ចំពោះអ្នកដែលគ្មានគ្រឿងក្រឡឹងវិញគេឆ្លាក់កូនទាំងអស់។

គោលដៅតែមួួយគត់របស់ល្បែងអុក គឺ ធ្វើយ៉ាងណាអុកស្តេចរបស់សត្រូវ និង ធ្វើអោយស្តេចមិនមានក្រឡាដើរ។ ពេលចាប់ផ្តើមលេង អ្នកណាដើរមុនគឺផ្អែកលើការឯកភាពគ្នា។ នៅក្តារបន្ទាប់អ្នកចាញ់ជាទូទៅអនុញ្ញាតអោយដើរមុន។ បើល្បែងនេះស្មើរគ្នានោះត្រូវផ្អែកលើការឯកភាពគ្នាជាថ្មី។

ល្បែងក្តាររបស់ខ្មែរដែរមានប្រជាប្រិយភាពមួយទៀតឈ្មោះថា រែក

ការរៀបចំ

អ្នក​លេងត្រូវ​យកកូន​ចំនួន៣២ ដែលមាន​២ពណ៌ខុស​គ្នាមកចែក​ជា២ទៅតាម​ពណ៌ដែល​អ្នកលេង​បានជ្រើស​រើសយកមក​ធ្វើជាកូន​អុក​សម្រាប់ប្រកួត ។ ​ក្នុងនោះក្រុម​នីមួយៗត្រូវ​មានកូនអុក​ចំនួន១៦កូន ​ស្មើគ្នាដែល​មានខុន១ ​នាង១ គោល​២ សេះ២ ទូក២ ​និងត្រី៨ ដោយមុននឹង​លេង​ក្រុមនីមួយៗ​ត្រូវរៀប​កូនចត្រង្គរបស់​ខ្លួនលើក្តារអុក​ដែលមាន៦៤ក្រឡា​នោះ ។

untitled-1

ការដើរកូននីមួយៗ

ត្រី ៖ ដើរទៅមុខមួយក្រឡា តែត្រូវស៊ីគេដោយបញ្ឈៀងទៅមុខ។ នៅពេលដែលត្រីដើរដល់ក្រឡាទី ៦ រឺ ដើរបានបីជំហាន ត្រូវបានតំឡើងឋានៈស្មើរនិងនាង ដោយក្រឡាប់កូន ហើយអាចដើរបានដូច នាង។

នាង ៖ ត្រូវដើរមួយក្រឡាបញ្ឈៀង។ ទុកប្រើសម្រាប់ធ្វើការប្រឆាំងសត្រូវ និងការពារស្តេច។ លក្ខណៈពិសេសមួយទៀតនៅការដើរដំបូង គឺអាច ដើរផ្លោះមួយក្រឡាទៅមុខ។ លក្ខណះពិសេសនេះមិនមាននៅក្នុងអុកថៃទេ។

queen
ដើរធម្មតា
ដើរលើកដំបូង

គោល ៖ ត្រូវដើរមួយក្រឡាបញ្ឈៀង ទៅទិសណាក៏បាន ឬដើរទៅមុខ។ គោលគឺជាអង្គរក្ស ការពារស្តេចដ៏សំខាន់ អាចនិយាយបានថា សំខាន់ជាងសេះទៅទៀត។


សេះ ៖ ការដើរត្រូវផ្លោះមួយក្រឡារួចបត់ឆ្វេងឬស្តាំ អាចដើរទៅមុខ ថយក្រោយ ទៅឆ្វេង ឬ ស្តាំ។

horse
ទូក ៖ អាចដើរបានច្រើនក្រឡា ទៅមុខ ថយក្រោយ ទៅឆ្វេង ទៅស្តាំ តែមិនអាចផ្លោះរំលងគេបានទេ។

boat
ស្តេច ខុន ឬ អង្គ ៖ ការដើរម្តងបានតែមួយក្រឡា ដោយអាចដើរបានគ្រប់ទិសទាំងអស់ តែមានលក្ខណៈពិសេសនៅត្រង់ក្រឡាដើរដំបូង គឺអង្គអាចដើរបានដូចសេះមួយជើង។ ប៉ុន្តែនៅពេលណាស្តេចត្រូវបានគេដាក់អង្គ នៅជើងដំបូងមិនអាចប្រើលក្ខះពិសេសនេះបានទេ។ លក្ខណះពិសេសនេះមិនមាននៅក្នុងអុកថៃទេ។

king2
ដើរធម្មតា
ដើរលើកដំបូង
ដើរលើកដំបូង

ក្បួនរាប់ (ដេញប្រមាញ់ស្តេច)
ចំពោះវិធីរាប់ជើង គឺមានច្រើនបែបទៅតាមទម្លាប់របស់អ្នកលេងដែលមានចំនួនប្រែប្រួលអាស្រ័យទៅតាមចំនួនសល់នៃកូនចត្រង្គ និងប្រភេទនៃ​កូនចត្រង្គរួម​មាន ៖

  • បើសល់ទូក​២ រាប់ ៨
  • បើសល់​ទូក១ រាប់ ១៦
  • បើសល់​គោល២ រាប់ ២២
  • បើសល់សេះ២ រាប់ ៣២
  • បើសល់គោល១​ រាប់ ៤៤
  • បើ​សល់សេះ១ ​រាប់ ៦៤
  • បើ​សល់ត្រីបក ឬនាង ​រាប់ ៦៤

ក្នុងការរាប់នេះអ្នកដែលត្រូវគេដេញ ត្រូវចាប់ផ្តើមរាប់ពីចំនួនដែលកូនដែលនៅសល់ក្នុងក្តារអុក បូក ១ រហូតដល់ចំនួនកំនត់ដូចខាងលើ។ នៅពេលដែលរាប់ដល់ចំនួនកំណត់ហើយនៅមិនទាន់អាចសំលាប់ស្តេចបាន នោះចាត់ទុកថាស្មើរគ្នា។ តើអ្នកដែលខ្សោយអាចមានសិទ្ធិអោយរាប់សារថ្មីបើមិនទាន់ ចង់អោយបញ្ចប់ដោយស្មើរគ្នា។

ឧទាហរណ៍៖ បើសិនពណ៌សនៅមានទូកពីរ និងសេះមួយ ដើម្បីសម្លាប់ស្តេចពណ៌ខ្មៅដែលនៅតែម្នាក់ឯង នោះអ្នកដេញត្រូវតែដេញសម្លាប់ស្តេចឱ្យបាន ហើយក្នុងការដេញ មិន​ឱ្យលើសពី ៣ក្រឡាដើរឡើយ (រាប់ពី ៦ ទៅ ៨ មិនមែនពី ១ ទៅទេនេះដោយសារ កូនដែលនៅសល់មាន ៥ ហើយបូក ១) ។ បើសិនជា កូនពណ៌ខ្មៅ សុីទូករបស់ កូនពណ៌ស ១ នោះ ការរាប់ក៏មិនអាចរាប់សារដើមវិញដែរ លុះត្រាតែខាងពណ៌ខ្មៅ អនុញ្ញាត។ អ្នកលេងខ្លះមិនយល់ពីក្បួននេះដែល ចេះតែរាប់សារថ្មី។

ការអុក (របៀបលេងមួយទៀត)

មានរបៀបលេងមួយទៀតដែលអុកឆាប់ដឹងឈ្នះចាញ់ឈ្មោះថាការអុក។ ការលេងរបៀបនេះ អ្នកដែលអុកស្តេចមុនគេគឺជាអ្នកឈ្នះ។ ដូចនេះអ្នកលេងត្រូវប្រុងប្រយ័ត្នការពារការអុករបស់អ្នកដទៃជានិច្ច។

ពាក្យសំខាន់ៗ
អ្វីដែល​កាន់​តែពិសេសក្នុង​ការលេងល្បែង​នេះមានពាក្យមួយ​ចំនួនដែល​គេត្រូវប្រើដូច​ជា ស៊ី, ចង,​ ផាយ, ដាក់អង្គ,​ អុក, បិទ,​ អុកបែក, ​អាប់ ដែល​ជា​ពាក្យ​និយាយ​ប្រាប់គ្នាឱ្យដឹង​តាមហេតុការណ៍​ដែលមាន ។

ស៊ី ៖ ពាក្យនេះ​និយាយប្រើ​ចំពោះកូនចត្រង្គ​ណានៅក្នុងក្រឡា​ដែលជាជើង​របស់គេ គេអាច​ស៊ីកូន​ចត្រង្គនោះ​បានដូចទូក​ក្នុងជើងសេះ ​គឺសេះអាច​ស៊ីទូកបាន ។
ចង ៖​ ពាក្យនេះ​ប្រើចំពោះកូន​ចត្រង្គណានៅ​ក្នុងក្រឡា​ដែលជា​ជើងនៃ​កូន​ចត្រង្គគេ​ ដែលគេ​អាចស៊ីបាន​នោះគេត្រូវ​រកកូនចត្រង្គ​ដទៃទៀត​ដែលមានជើង​អាចស៊ីគេវិញ​ឱ្យដើរមក​ក្នុងក្រឡា​ផ្សេង បើគេ​ស៊ីមក យើងមាន​កូនស៊ីវិញ គេហៅថា​ ចង ។
ផាយ ៖ ពាក្យនេះ​និយាយប្រើ​ចំពោះខុន​នៅក្នុង​ជើងទូក ដែល​មានកូន​ចត្រង្គណា​មួយជាបក្ស​ខាងទូកនៅ​រាំងស្ទះ កាលបើ​គេដើរកូន​ដែលស្ទះរាំង​ជើង​ទូក​នោះ​គេពោលថា​ «ផាយ» ព្រោះ​ទូកនោះ​អាចស៊ីខុន​បាន ខុននោះ​ត្រូវរត់ ​បើរត់មិនរួច ​គឺចាញ់គេ​ហើយ ។
ដាក់អង្គ ៖ ពាក្យនេះ​ប្រើចំពោះ​ទូកដែល​ដើរ​ទៅនៅក្នុងក្រឡា​ដែលមាន​សិទ្ធិស៊ីខុន ​តែស៊ីមិន​ទាន់បានព្រោះ​ខុននោះមាន​ទ័ពស្ទះរាំង​ផ្លូវទូក គេហៅថា​ ដាក់អង្គ។
អុក ៖ ពាក្យនេះ​និយាយចំពោះ​កូន​ចត្រង្គណា​ដែលដើរ​ទៅក្នុង​ក្រឡាមាន​ជើងខ្លួន​ត្រូវស៊ីខុន ​ដោយគេទង្គិច​កូននោះយ៉ាង​ខ្លាំងហើយពោល​ថា អុក ។ ប៉ុន្តែចំពោះ​ខុននិងខុន​មិនអាច​អុកគ្នាបាន​ទេ ព្រោះ​ខុនទាំងពីរ​ត្រូវដើរ​ចៀសកុំឱ្យ​ប៉ះជើង​គ្នាទៅវិញ​ទៅមក ។
បិទ ៖ ពាក្យនេះ​ប្រើនិយាយចំពោះ​ការយកកូន​ណាមួយទៅដាក់បិទ​ផ្លូវជើងទូក ដែលគេអុក​ខុនហើយដើម្បីការពារ​កុំឱ្យគេស៊ីខុន​ខ្លួននោះ។
អុក​បែក ៖ កូន​ចត្រង្គណា​មួយដែលអុកខុន​ហើយអាច​ស៊ីកូនដទៃ​ទៀតបាន គេហៅ​ថាអុកបែក ​ឧទាហរណ៍ដូចជា​គេយកសេះ​អុកខុន សេះនោះ​អាចស៊ីទូកបាន​នៅពេលណា​ដែលក្រុមម្ខាង​ទៀតចេញខុន​ហើយ ។
អាប់ ៖ ពាក្យនេះ​សម្រាប់ប្រើហៅ​ខុន ដែល​ទ័ពគេដេញ​តាម កាលបើខុន​នោះត្រូវ​ដើរមិនរួចព្រោះ​ក្រឡានៅជុំវិញខ្លួន​សុទ្ធតែជា​ជើងរបស់​គេ ខុននោះ​ត្រូវផ្តួល​ខ្លួនដេក​ក្នុងក្រឡា​ខ្លួន ហើយគេ​ពោលថា​ អាប់ ។ បញ្ជាក់ ខុនដែល​អាប់នេះ​មិនមែន​មានឈ្មោះ​ថា ចាញ់គេ​ទេ ហើយខាង​គេក៏មិន​ទាន់អាចថា​ឈ្នះបាន​ដែរ ។

Cambodian International
Ang, Sdaach (King​, ស្តេច រឺ អង្គ រឺ ខុន) King
Neang (Maiden, ព្រះនាង រឺ នាង) Queen
Koul (Pillar, គោ) Bishop
Ses (Horse , សេះ) Knight
Tuuk (Boat, ទូក) Rook
Trey (Fish, ត្រី) Pawn
February 17, 2016

1 thought on “Ouk Chaktrang – Cambodian Chess (អុកចត្រង្គ)

Comments are closed.